សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 13, 2012

លោក​ហ៊ុន សែន​ថា​ដី​ខ្មែរ​កើន​បាន​៣០០​គីឡូ​ម៉ែត្រ​ការេ​


រដ្ឋ​ធានី​វ៉ាស៊ីនតោន៖​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្រកាស​ពីការ​រកឃើញថ្មី​របស់​លោកថា​ផ្ទៃក្រឡា​ទឹកដី​ខ្មែរ​កើនលើស​ពី​ទំហំ​១៨១ ០៣៥​គីឡូម៉ែត្រក្រឡា​ ដល់​១៨១ ៣៣៥ ​គីឡូម៉ែត្រ ក្រឡា​ ដោយ​សំអាង​លើ​ការសិក្សា​របស់​លោក​ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ។​ លោក ហ៊ុន សែន​ ប្រកាស​ជា​សាធារណៈ​ថ្មីៗ​នេះ​ដែលជាផ្នែកមួយ​ត្រូវគេគិតថា​ដើម្បី ទប់ទល់​នឹងការ​ចោទប្រកាន់​ជាច្រើនឆ្នាំ​ពីការ​ដែលថា​លោកបាន​ធ្វើឲ្យ​បាត់បង់ ទឹកដី។​ ក៏​ប៉ុន្តែ​ ក្រុមមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ជំទាស់​និង​អ្នកជំនាញការ​ផ្នែក​ព្រំដែន​បានអះអាងថា​ គម្រោងការ​ប៉ុនប៉ង​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជារឿង​ខុសច្បាប់​រដ្ឋធម្មនុញ្ញ។

លោក សុន ឆ័យ​ តំណាងរាស្ត្រ​គណបក្ស​ សម រង្ស៉ី​បានអះអាងថា​ជារឿង​មិន​សមស្របទេ​ដែលរដ្ឋាភិបាល​ចង់កែប្រែ​រដ្ឋធម្មនុញ្ញ​នោះ​ព្រោះ​រដ្ឋធម្មនុញ្ញ​មាត្រា​២ ​បានចែង​តែអំពី​ផែនទី​ដែលអន្តរជាតិ​ទទួលស្គាល់​ឬ​ក៏ផែនទី​ដែល​តម្កល់ទុក​នៅ​ ឯអសប​និង​មាន​ទំហំ​ខ្នាត​១/១០០ ០០០​ សម្រាប់​ប្រើប្រាស់​វាស់វែង​និង​កំណត់ ​ព្រំដែន​តែគ្មានចែង​អំពីផ្ទៃក្រឡា​ទេ។

«បើមានការ​ចែងអំពី​ចំនួន​ អំពីទំហំ​ដី​ ហើយការ​ចែងនោះ​វាខុសហើយ​ត្រូវកែ ​សម្រួល​ជាថ្មី​នោះ​ អាហ្នឹង​បាន​ត្រូវកែ​ ចុះ​បើ​អត់​មាន​ចែងអំពី​ទំហំ​ដី​ផង​រឿងអី ​នាយក​រដ្ឋមន្ត្រី​ ចង់​បញ្ជាក់​អំពី​ទំហំ​ដែល​គាត់វាស់​ឃើញតាម​បច្ចេកទេស​របស់​គាត់ហ្នឹង។​ ហើយយើង​ក៏​ចង់ដឹង​ដែរថា​ការវាស់វែង​នោះ​វាប្រាកដ​ ជាត្រឹមត្រូវ ១០០ ​ភាគរយហើយ​ឬក៏​នៅ​ខ្វះខាត​ដែរព្រោះវា​នៅ​មាន​កោះ​វា​នៅមានអី​ជាច្រើនទៀត។​ ដូច្នេះហើយ​បានជា​រដ្ឋធម្មនុញ្ញ​យើងមិន​កំណត់​ទេ ​អំពី​ទំហំ​ប៉ុណ្ណាទេ​គឺកំណត់​អំពី​ផែនទី»។

លោក ស៊ុន ឆ័យ​អះអាង​ថា​ លោកនាយក​រដ្ឋមន្ត្រី​ប្រហែល​ជាយល់ច្រឡំ​សៀវ ភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែលបាន​ឲ្យសិស្ស​ទន្ទេញ​ចាំមាត់ថា​ទឹកដី​ប្រទេស​កម្ពុជា មានទំហំ​១៨១ ០៣៥​គីឡូម៉ែត្រកា​រេ​ហើយការ​រកឃើញ​តាមរបៀប​ទំនើបណា​នោះ​ វាជាទឹកដី​ខ្មែរ​ដដែល​ដោយគ្មាន​អ្វីប្លែកទេ​ តែការចាំបាច់​ដែល​នាយក​រដ្ឋមន្ត្រី​ត្រូវ​ដោះស្រាយ​ជាបន្ទាន់នោះ​គឺការ​ទាមទារ​ឲ្យវៀតណាម​ប្រគល់ដី២ ពាន់ហិកតា​ ដែល​ នាយក​រដ្ឋមន្ត្រី​បានអះអាងថា​វៀតណាម​បានចូលដី​ខ្មែរនោះ​ ប្រគល់មកឲ្យ​ខ្មែរវិញ​ រាប់​ទាំង​តំបន់ដាក់ដាំ​ដែលមាន​រ៉ែដ៏​សម្បូរណ៍បែប​នៅ ​មណ្ឌលគីរី​ផងដែរ។ 

លោក សុន ឆ័យ​ បានបន្ថែមថា​ការធានា​អធិបតេយ្យភាព​គឺជា​កាតព្វកិច្ច​របស់​ រដ្ឋាភិបាល។​ ការប៉ុនប៉ង​ធ្វើវិសោធនកម្ម​គឺត្រូវការ​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ ​កម្ពុជា​ទាំងមូល​ដោយសារ​បញ្ហា​បូរណភាព​ទឹកដី​មិនមែន​ជាបញ្ហា​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​តែម្នាក់ឯង​ទេ។

«ហើយការ​កែប្រែណាមួយ​ដែលប៉ះពាល់​ទៅដល់​គោលការណ៍​ជាមូលដ្ឋាន​នៃ តំណាង​ប្រជាជាតិ​ទាំងមូលនោះ​គឺចាំបាច់​មែនទែននោះ​ត្រូវតែមានការ​ធ្វើប្រជាមតិ​ឬ​ក៏​ត្រូវតែ​មានការ​សិក្សា​ស្រាវជ្រាវ​ដោយកិច្ចសហការ​រួមរវាង​គណបក្ស ​យ៉ាងហោចណាស់​ក៏​គណបក្ស​នៅក្នុង​រដ្ឋសភា​ទាំងអស់»។

លោក ​សឺន ស៊ូប៊ែ​ អតីត​សមាជិក​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​ និង​ជាមន្ត្រី​កំពូល​ម្នាក់​ នៃ​គណបក្ស​សិទ្ធិមនុស្ស​ក៏បាន​យល់ស្រប​ដែរថា​រដ្ឋធម្មនុញ្ញ​ពុំបានចែង​អំពីទំហំ​ ផ្ទៃក្រឡា​ទេ ​គឺគ្រាន់តែ​បានចែង​អំពីខ្នាត​ប៉ុណ្ណោះ​ ដោយសារថា​មានកិច្ចការ​ច្រើន ទៀត​ត្រូវធ្វើ​រឿងព្រំដែន។​ លោកអះអាងថា​ រដ្ឋាភិបាល​ត្រូវតែពន្យល់​ពីភស្តុតាង នៃផ្ទៃដី​កើននោះ​បានមកពីណា​ ធ្វើយ៉ាងម៉េច​ ប្រើប្រាស់​ផែនទីអ្វី​ជាសំអាង ហើយ​ ជាពិសេស​គឺត្រូវសួរ​មតិប្រជាពលរដ្ឋ​ជាទូទៅ ​ចំពោះបញ្ហា​បូរណភាព ទឹកដី​ មិនអាច​ពឹងអាងលើ​សភា​បានទេ។ 

«មិនមែន​អះអាង​ទៅលើ​រដ្ឋសភាទេ។​ រដ្ឋសភា​ប្រជាពលរដ្ឋ​បានបោះឆ្នោត​ជូន មែន​ តែនៅក្នុង​ស្រុកយើងហ្នឹង​គេដឹងហើយ​ ទោះលោក​តំណាងអសប​ខាងសិទ្ធិ មនុស្ស​ ទើបនិយាយថ្មីៗហ្នឹង​ទៀតថា​របៀបរៀប​ចំការបោះឆ្នោតហ្នឹង​វាអត់ត្រឹម ត្រូវ​ម្ល៉ោះហើយ​វាអត់អាច​ទុកថា​លទ្ធផល​ការបោះឆ្នោត​វាត្រឹមត្រូវ។​មានន័យថា ប្រជាពលរដ្ឋ​អត់មាន​តំណាងរាស្ត្រ​ត្រឹមត្រូវ​ចំពោះ​ខ្លួន​គេ។​ ម្ល៉ោះហើយ​ត្រូវតែ​ សួរផ្ទាល់ទៅ​ប្រជាពលរដ្ឋ»។

នៅក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា២​បានចែងថា​ បូរណភាព​ទឹកដី​របស់​ព្រះរាជា​ណាចក្រ កម្ពុជា ​មិនអាច​រំលោភបាន​ដាច់ខាត​ក្នុងព្រំដែន​របស់ខ្លួន​ដែលមានកំណត់​ក្នុង ផែនទីខ្នាត​១/១០០ 000​ ធ្វើនៅ​ចន្លោះឆ្នាំ​១៩៣៣​ ដល់ឆ្នាំ១៩៥៣​ ហើយដែល ត្រូវបាន​ទទួលស្គាល់​ជាអន្តរជាតិ​នៅចន្លោះឆ្នាំ​១៩៦៣ ​ដល់ឆ្នាំ​១៩៦៩។

លោក ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​កាលពី​សប្តាហ៍ថ្មីៗ​បានថ្លែងថា​លោកកំពុង សិក្សា​ឲ្យមានការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដោយសារ​ការវាស់វែង​ផ្ទៃដីកម្ពុជា​តាមបច្ចេក វិទ្យាទំនើប​បានរកឃើញថា​ផ្ទៃដីកម្ពុជា​មានទំហំ​លើស៣០០​គីឡូម៉ែត្រការេ។ លោក ហ៊ុន​ សែន​ពុំបានពន្យល់​លម្អិត​ពីការ​វាស់វែងនោះទេ​តែលោកបាន បញ្ជាក់ថា​ផ្ទៃដីនោះ​មិនមែន​កម្ពុជា​យកពី​ប្រទេសជិតខាងខ្លួន​ទាំងបី​នោះទេ៖ 

«យើងអត់បាន​ទៅយកដី​ពីវៀតណាម​ និង អត់បាន​ទៅយកដី​ពីឡាវ ​និង ពីថៃទេ​គឺគ្រាន់តែ​វាស់លើផ្ទៃដី​នៃព្រំដែន​របស់ខ្លួន​តែប៉ុណ្ណោះ​តាមបច្ចេក​វិទ្យាថ្មី។​ អាហ្នឹង​គឺជាចំណុច​សូម​បញ្ជាក់​ពីព្រោះថា​ជួនកាល​រឿងនេះ​ក៏បាន​ទៅជាការ​សង្ស័យ ​សម្រាប់​ប្រជាពលរដ្ឋ​វៀតណាម ​ចំពោះរដ្ឋាភិបាល​វៀតណាមដែរ»។

លោក ​ស៊ាន ប៉េងសែ​ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​នៅប្រទេស​បារាំង ​បានអះអាង​ថា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ត្រូវតែ​ពន្យល់​ឲ្យបានច្បាស់លាស់​ពីការ​បញ្ចូលអ្វីខ្លះ​ បំបាត់​អ្វីខ្លះ​លើផ្ទៃដី​កម្ពុជា។

«ខ្ញុំសួរ​លោក ​ហ៊ុន សែន ថា​គាត់ធ្វើ​តាមស្អីខ្លះ?​ គឺគាត់វាស់ដី​សារក្រោយ​ដែល បានធំហ្នឹង​ គាត់មាន​យកកោះត្រល់​ឬកោះពុលឡឺប៉ងស្សង់ ​(កោះក្រចកសេះ ហ្នឹង) ​យកមកចូល​ក្នុងហ្នឹងទេ?​ ឬលោក​បានវាស់​ខេត្តទាំង២៤ហ្នឹង​ ហើយនឹង ផ្ទៃដី ​ដែលគាត់​ធ្វើហ្នឹង​តើវាត្រឹមត្រូវ​ជាមួយគ្នាទេ?​ ហើយគាត់​យកខ្នាតស្អី​យក មកប្រើ?​ ដើម្បីឲ្យឃើញថា​ទំហំ​ដីហ្នឹង​វាមានច្រើន​ជាងហ្នឹង?»
លោក ​ស៊ានប៉េង សែ​បានអះអាងថា​ទោះជាផ្ទៃដី​រកឃើញថ្មី​ក៏វាស្ថិត​នៅក្នុងខ្នាត​១/១០០ 000 ​នោះស្រេច​ទៅហើយ​ដោយពុំ​ចាំបាច់​កែប្រែ​រដ្ឋធម្មនុញ្ញ​ដែលលោក ចាត់ទុកថា​ជារឿង​ខុសច្បាប់​ទេ។

«ក្នុងការ​កែប្រែ​ផែនទី​នៅក្នុង​រដ្ឋធម្មនុញ្ញហ្នឹង​ជាការមួយ​ដែលផ្ទុយ​ពីរដ្ឋធម្មនុញ្ញ។ ក្នុងរដ្ឋធម្មនុញ្ញ​យើងហ្នឹង​គេសម្រេចថា​មានផែនទី​មួយខ្នាត​១/១០០ 000។​ ដូច្នោះ បើលោក​ហ៊ុន សែនហ្នឹង​យល់ថា​ដីខ្មែរហ្នឹង​វាលើស​ពីមុន​គឺតាមផែនទី​ហ្នឹងដែរ តើ​ យើងចាំបាច់​កែប្រែ​ធ្វើអីទៀត​ព្រោះយើង​មានផែនទី​ខ្នាត១/ ១០០ ០០០ ហ្នឹង។​ បើសិនណា​លោកវាស់ទៅ​ឃើញថា​បានធំ​វាល្អហើយៗយើង​នៅដដែល ហ្នឹង។​ យើងកែប្រែ​រដ្ឋធម្មនុញ្ញ​ក៏យើងមិន​កែប្រែ ​ហើយផែនទី​ក៏យើងមិន​កែប្រែ»។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក​ ផៃ ស៊ីផាន​ អ្នកនាំពាក្យ​របស់រដ្ឋាភិបាល​បាន អះអាងថា​ការសិក្សា​ធ្វើវិសោធនកម្មនេះ​ គឺមិនមែន​ធ្វើឲ្យ​បាត់បង់​ទឹកដីទេ​គឺ គ្រាន់តែ​ធ្វើទំនើប​ភាវូបនីយកម្ម​នៃអ្វី​ដែលជា​មាត្រាក្នុង​រដ្ឋធម្មនុញ្ញ​ដើម្បីឆ្លើយតប ទៅនឹង​ភាពជាក់ស្តែង​ដែលយើង​បានធ្វើ​ទៅលើដី​តែប៉ុណ្ណោះ។

«អាស្រ័យ​ហេតុដូច្នេះ​ គ្មានអ្វី​គ្រាន់តែ​ជាការ​ធ្វើទំនើប​ភាវូបនីយកម្ម​ឲ្យឆ្លើយតប ទៅនឹងផែនទី ​ដែលយើងបាន​ប្រើប្រាស់ ​ហើយជាផែនទី​ផ្លូវការ​ហើយ​នឹង​ ជាផែនទីមួយ​ ដែលយើង​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ។​ ដូច្នេះមិនមាន​សារៈសំខាន់ ទៅលើផ្ទៃដី​ ដែលជាលេខ​នៅក្នុងនោះទេ​គឺ​គ្រាន់តែ​ជាមូលដ្ឋានគ្រឹះ​នៃ នយោបាយ​ អាស្រ័យដោយ​រដ្ឋធម្មនុញ្ញ​គឺជា​ឆន្ទៈនយោបាយ​រួម​របស់​ប្រជាជាតិ កម្ពុជា​ មិនមែនជា​ច្បាប់លម្អិត​នោះទេ​ គ្រាន់តែ​ជាច្បាប់​មូលដ្ឋាន»។
 
ក្រុមមន្ត្រី​កម្ពុជា​បានស្តីបន្ទោស​បារាំង​ដែលធ្លាប់​ធ្វើអាណានិគម​នៅកម្ពុជាថា​បាន បន្សល់​ទុកផែនទី​ស្មុគស្មាញ​សម្រាប់​កម្ពុជា​ ជាមួយ​នឹងការ​ទទួលស្គាល់ថា​ការ វាស់វែង​សម័យមុន​គ្មានឧបករណ៍​ទំនើប​សម្រាប់ធ្វើឲ្យព្រំដែន​មានលក្ខណៈ​ ច្បាស់លាស់។​ ប្រទេស​កម្ពុជា​និង​ប្រទេស​ជិតខាង​មានវិវាទព្រំដែន​ជាមួយគ្នា ​រាប់សិប​ទសវត្សរ៍​ដែលមិនអាច​ដោះស្រាយបាន​ដោយសារ​ឧសគ្គនៃការ​កំណត់ ​ខ្សែបន្ទាត់​ព្រំដែន​នៅតំបន់​មួយចំនួន​មិនអាចឲ្យ​ភាគីទាំងអស់​យល់​ព្រមគ្នា​បាន។  បញ្ហា​ព្រំដែន​ក្លាយជា​ប្រធានបទ​ដ៏សំខាន់​សម្រាប់​ឃោសនា​រក​សំឡេងឆ្នោត​នៃគណបក្ស​នយោបាយ​ក្នុងប្រទេស​កម្ពុជានៅពេល​បោះឆ្នោត​ម្តងៗ៕

No comments:

Post a Comment

yes