សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 18, 2013

តើ​ការ​ធ្វើ​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ​ជា​ដំណោះស្រាយ​ល្អ​ឬ​ទេ?

បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ក្បួន​បាតុកម្ម​ដង្ហែ​តាម​បណ្ដោយ​
វិថី​ព្រះនរោត្ដម ក្បែរ​រោងកុន​លុច កាល​ពី​ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០១៣

ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឈាន​មក​ដល់​ថ្ងៃ​ទី​បី​ហើយ​ដែល​គណបក្ស​នេះ​បាន​ប្រើ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​ការ​ធ្វើ​បាតុកម្ម​នេះ ដូច​ជា ដូរ​ពី​ការ​ដើរ​ហែ​ក្បួន មក​ជិះ​ម៉ូតូ​ហែ​ក្បួន​វិញ​ជាដើម។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី រដ្ឋាភិបាល​បាន​ចាត់​ទុក​ថា ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​មែន​ជា​ដំណោះស្រាយ​ល្អ​ទេ ហើយ​ថា ការ​ធ្វើ​បាតុកម្ម​នេះ​ជា​រឿង​ខុស​ច្បាប់​ទៅ​វិញ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម​នេះ​ជា​រឿង​ខុស​ច្បាប់ ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​នេះ​ដោយ​សន្តិវិធី​វិញ​ល្អ​ជាង។
ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ នៅ​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដឹក​នាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ធ្វើ​ការ​ដង្ហែ​ក្បួន​នៅ​តាម​ដង​វិថី​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។
មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម​ជា​រឿង​ខុស​ច្បាប់ ពីព្រោះ​គណបក្ស​នេះ​មិន​បាន​គោរព​ទៅ​តាម​ច្បាប់​ស្ដីពី​បាតុកម្ម​នោះ​ឡើយ។ លោក ផៃ ស៊ីផាន ពន្យល់​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ធ្វើ​ការ​តស៊ូ​មតិ​នៅ​ក្នុង​សភា​វិញ​ប្រសើរ​ជាង​ការ​តស៊ូ​មតិ​នៅ​ទីលាន​សាធារណៈ​បែប​នេះ។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា គណបក្ស​នេះ​នឹង​ធ្វើ​បាតុកម្ម​ជា​រៀង​រាល់​ថ្ងៃ​ទូទាំង​ប្រទេស ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ត​ទៅ ហើយ​មហា​បាតុកម្ម​នឹង​ជួប​ជុំ​គ្នា​ទ្រង់ទ្រាយ​ធំ​នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។
កាល​ពី​ថ្ងៃ​ទី​១៥ ធ្នូ គណបក្ស​សង្គ្រោះ​ជាតិ បាន​ហែ​ក្បួន​បាតុកម្ម​អហិង្សា​តាម​ដង​ផ្លូវ​នានា នៅ​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ ធ្នូ គណបក្ស​សង្គ្រោះ​ជាតិ បាន​ជិះ​ម៉ូតូ​ហែ​ក្បួន​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មិន​មាន​អាជ្ញាធរ​រារាំង​ឡើយ។
មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ចាត់​ទុក​ការ​ធ្វើ​បាតុកម្ម​នេះ​ជា​រឿង​ខុស​ច្បាប់ តែ​លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ ក្រសួង​មិន​ទាន់​ដាក់​កង​កម្លាំង​ដើម្បី​ត្រៀម​បង្ក្រាប​បាតុករ​នោះ​ទេ លោក​បញ្ជាក់​ថា កង​កម្លាំង​នៅ​តាម​ផ្លូវ​នានា​នោះ គឺ​ក្រសួង​ប្រើប្រាស់​តែ​មន្ត្រី​នគរបាល​ចរាចរណ៍។ នៅ​ពេល​សួរ​ថា ប្រសិន​គណបក្ស​សង្គ្រោះ​ជាតិ បិទ​ផ្លូវ​នោះ តើ​ក្រសួង​នឹង​មាន​វិធាន​ការ​បែប​ណា? លោក ខៀវ សុភ័គ បញ្ជាក់​ថា ក្រសួង​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។
មន្ត្រី​សាលា​រាជធានី​ភ្នំពេញ អះអាង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​ដែល​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ហែ​ក្បួន​បាតុកម្ម​ម្ដង​ណា​ទេ។
សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៥ ធ្នូ ដោយ​ហៅ​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ការ​ធ្វើ​បែប​អនាធិបតេយ្យ ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​ទទួល​ខុស​ត្រូវ ប្រសិន​បើ​មាន​ឧបទ្ទវហេតុ​អ្វី​កើត​ឡើង​នោះ។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ មិន​មែន​ជា​សកម្មភាព​ខុស​ច្បាប់​ទេ លោក​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​សម្ដែង​មតិ ឬ​ហែ​ក្បួន​នេះ មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។
លោក អំ សំអាត បន្ថែម​ថា សកម្មភាព​ខុស​ច្បាប់​នោះ គឺ​ការ​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​ទៅ​លើ​ហ្វូង​បាតុករ​ទៅ​វិញ​ទេ ដូច​ជា​ករណី​បាញ់​សម្លាប់​កម្មករ​សំណង់​ឈ្មោះ ម៉ៅ សុខចន្ទ នៅ​ស្ពាន​ក្បាល​ថ្នល់ កាល​ពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា និង​ការ​បាញ់​សម្លាប់​ស្ត្រី​លក់​បាយ​នៅ​ស្ទឹងមានជ័យ ក្នុង​ការ​បង្ក្រាប​កម្មករ អែស.អិល (SL) ជាដើម។
គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម​នេះ​ជា​លើក​ទី​៤​ហើយ។ ការ​សម្រេច​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ ដោយសារ​តែ​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជាច្រើន​លើក​គ្មាន​ដំណោះស្រាយ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើក​នេះ គណបក្ស​នេះ​បាន​ដាក់​ផែន​ការ​ធ្វើ​រាល់​ថ្ងៃ និង​ហែ​ក្បួន​រាល់​ថ្ងៃ។ ការ​ធ្វើ​បាតុកម្ម​នេះ ប្រធាន និង​អនុប្រធាន​គណបក្ស​ប្រឆាំង​បាន​បញ្ចេញ​សារ​សំខាន់​ពីរ ទី​១ ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​ទី​២ ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តួនាទី​នាយក​រដ្ឋមន្ត្រី។
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​បាតុកម្ម​ជា​រៀង​រាល់​ថ្ងៃ​នេះ​រយៈពេល​បី​ខែ ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ពិចារណា​ចំពោះ​ការ​ស្នើសុំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ បើ​មិន​ដូច្នោះ​ទេ គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​វិធាន​ការ​ថ្មី​ទៀត។
ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​សម្ដែង​មតិ​នៃ​ការ​ធ្វើ​បាតុកម្ម​អហិង្សា​នេះ​គ្មាន​ខុស​ច្បាប់​អ្វី​ទេ លើក​លែង​តែ​ការ​ធ្វើ​បាតុកម្ម​ហិង្សា ឬ​កុបកម្ម​ទើប​ខុស។ លោក​បញ្ជាក់​ថា មូលហេតុ​ចម្បង​ដោយសារ​តែ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ហើយ​បញ្ហា​នេះ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​តែ​ពិចារណា​ចំពោះ​ការ​សុំ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​នេះ។
អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា ប្រសិន​បើ​រដ្ឋាភិបាល​បាន​ប្រើ​វិធាន​ការ​ក្ដៅ​បង្ក្រាប​បាតុកម្ម នៅ​ពេល​នោះ​កម្ដៅ​នយោបាយ​នឹង​កាន់​តែ​ក្ដៅ​ថែម​ទៀត ហើយ​ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រឹត​តែ​បង្កើន​កំហឹង។ ហើយ​ទាំង​រដ្ឋាភិបាល ទាំង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​នេះ ហើយ​ការ​បង្ក្រាប​ណា​មួយ​ហិង្សា​នោះ ជា​រឿង​រំលោភ​ច្បាប់។
ការ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា បាន​អូស​បន្លាយ​ពេល​ជិត ៦​ខែ​មក​ហើយ គិត​ចាប់​ពី​ថ្ងៃ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា កន្លង​មក។ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​ធ្វើ​ការ​ចរចា​ចំនួន​បី​លើក​មក​ហើយ តែ​លទ្ធផល​បាន​បរាជ័យ។ នៅ​មុន​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​នៅ​តែ​អះអាង​ថា គណបក្ស​ទាំង​ពីរ​នៅ​តែ​បើក​ទ្វារ​ចំហ​ក្នុង​ការ​ចរចា។ ក៏ប៉ុន្តែ មក​ទល់​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា ហាក់​បី​ដូច​ជា​មិន​ទាន់​ប្រកាស​ផ្លូវ​ក្នុង​ការ​ចរចា​បន្ត​ទៀត​នៅ​ឡើយ។ មន្ត្រី​រដ្ឋាភិបាល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នោះ នៅ​បន្ត​ការងារ​នៅ​តាម​ស្ថាប័ន​រដ្ឋ​នានា​ធម្មតា​ដដែល៕

No comments:

Post a Comment

yes